ស្វាយរៀង ៖ បុរសវ័យចំណាស់ម្នាក់ត្រូវបាន ក្រុមគ្រួសារប្រទះឃើញ ដេកស្លាប់ក្នុងថ្លុកឈាមកណ្ដាលវាលស្រែនិងរាយការណ៍ មកសមត្ថកិច្ចមូលដ្ឋានមកពិនិត្យសព។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី ២ ខែកញ្ញាឆ្នាំ ២០២១ នៅត្រង់ចំណុចភូមិពពូលឃុំត្រស់ ស្រុករមាសហែកខេត្តស្វាយរៀង។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាបុរសខាងលើមានឈ្មោះ ម៉ា ឃិត អាយុ៧៦ឆ្នាំ រស់នៅ ភូមិពពូល ឃំុត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង ។ក្រោយពីកើតហេតុសមត្ថកិច្ចនគរបាលស្រុកសហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលនិងគ្រូពេទ្យបានចុះមកពិនិត្យសាកសពដោយធ្វើការសន្និដ្ឋានថាពិតជាស្លាប់ដោយធ្វើអត្តឃាតដោយបានយកកាំបិត តាកុកអារក សម្លាប់ខ្លួនប្រាកដមែននៅវាលស្រែខាងជើងផ្ទះកូនរបស់គាត់ចំងាយ៤០ម៉ែត្រដោយមិនឃើញមានស្លាកស្នាមដោយសម្គាល់ថាជារឿងឃាតកម្មអ្វីនោះទេ។
បើតាមក្រុមគ្រួសារបានប្រាប់សមត្ថកិច្ចថា ឪពុករបស់គាត់គឺមានជំងឺប្រចាំកាយ យូរឆ្នាំមកហើយខណ:ទៅព្យាបាលនៅមន្ទីរពេទ្យនិងផឹកថ្នាំសង្កូវ ដែរប៉ុន្តែមិនបានធូរស្រាលសោះ ទើបគាត់សម្រេចចិត្តធ្វើអត្តឃាតបែបនេះ កុំឱ្យពិបាកដល់កូនចៅតទៅទៀត។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបាន សមត្ថកិច្ចធ្វើកំណត់ហេតុនិងប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

