ស្វាយរៀង៖ រថយន្តដឹកកម្មករ កម្មការិនីរោងចក្រក្រឡាប់ផ្ងារជើង មានអ្នករងរបួសធ្ងន់ស្រាលជិត៦០នាក់ នៅក្រុងបាវិត ខណៈហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង៦ និង៤០នាទីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅលើផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិ ព្រៃផ្តៅ សង្កាត់ ច្រកម្ទេស ក្រុង បាវិត ខេត្តស្វាយរៀង។

លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានដឹងថា នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ មានកម្មករជាង៥០នាក់ ដែលជិះនៅក្នុងរថយន្ត ប៉ុន្តែចំពោះអ្នករងរបួស បានបញ្ជូនមកសង្គ្រោះ នៅមន្ទីរពេទ្យរដ្ឋចំនួន ៣០ នាក់ ក្នុងនោះរបួសធ្ងន់៥នាក់។

តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ បានឱ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្តកម្មករ បើកបរពីលិចទៅកើត សំដៅទៅរោងចក្រ ស្រាប់តែមានរថយន្តក្រុង បើកបរបញ្ច្រាសទិសគ្នា ខណៈរថយន្តដឹកកម្មករប្រជែង ហើយវ៉ាក់អឺជាមួយរថយន្តក្រុង ហើយបួងចង្កូតគេច បណ្ដាលឱ្យក្រឡាប់ ចាក់ចោលកម្មករចោលរណូករណែល ពេញផ្លូវតែម្ដង។

បច្ចុប្បន្នកម្មករកម្មការិនី កំពុងតែធ្វើការសង្គ្រោះ នៅក្នុងមន្ទីរពេទ្យប្រតិបត្តិជីភូ មន្ទីរពេទ្យស្រុកស្វាយទាប និងមន្ទីរពេទ្យខេត្តស្វាយរៀង ហើយក៏មានការយកចិត្តទុកដាក់ ពីអាជ្ញាធរផងដែរ៕



