ព័ត៌មានថ្មី

អភិបាលខេត្តកំពង់ចាម ចុះអន្តរាគមន៍ករណីឆេះឃ្លាំងស្តុក កំទិចក្រណាត់ នៅស្រុកកំពង់សៀម

កំពង់ចាម ៖ អគ្គីភ័យបានឆាបឆេះឃ្លាំង ស្តុកកម្ទេចក្រណាត់មួយកន្លែង បណ្ដាលឱ្យខូចខាតអស់ទឹកប្រាក់ ជាង២០ម៉ឺនដុល្លារ នារសៀលថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅភូមិអណ្ដូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម ហើយករណីអគ្គិភ័យនេះ ត្រូវបានអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា និងស្នងការនគរបាលខេត្តកំពង់ចាម លោក ឯម កុសល់ ចុះអន្តរាគមន៍ផ្ទាល់ នៅកន្លែងកើតហេតុ រហូតគ្រប់គ្រងស្ថានការណ៍បាន មិនមានឆេះរាលដាល ដល់ផ្ទះប្រជាពលរដ្ឋនោះទេ ។

តាមមន្ត្រីជំនាញការិយាល័យពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានឲ្យដឹងថា ក្រោយពេលសមត្ថកិច្ចទទួល បានព័ត៌មានថា មានអគ្គិភ័យកំពុងឆាបឆេះឃ្លាំងស្តុកក្រណាត់ មានទំហំប្រហែល ៣០X៤០ម៉ែត្រ កម្ពស់ ៦ម៉ែត្រ ម្ចាស់ឃ្លាំងនិងសម្ភារៈឈ្មោះ រ៉ា វុធ ភេទប្រុស អាយុ៤២ឆ្នាំ (រស់នៅរាជធានីភ្នំពេញ) ដែលមានទីតាំងទល់មុខរោងចក្រក្ដារបន្ទះ ស្ថិតនៅក្នុងភូមិឃុំដូចខាងលើ។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាចេញរថយន្តពន្លត់អគ្គិភ័យ ចំនួន១១គ្រឿង មាន (រថយន្តពន្លត់អគ្គិភ័យខេត្ត ៣គ្រឿង, កំពង់សៀម ១គ្រឿង, ព្រៃឈរ ២គ្រឿង, បាធាយ ១គ្រឿង, ជើងព្រៃ ១គ្រឿង, កងមាស ១គ្រឿង , ស្ទឹងត្រង់ ១គ្រឿង និងចំការលើ ១គ្រឿង) ចេញអន្តរាគមន៍ជាបន្ទាន់ ហើយ កិច្ចប្រតិបត្តិការនោះ ចំណាយអស់រយៈពេលជាង ៦ម៉ោង ទើបសមត្ថកិច្ច អាចគ្រប់គ្រងស្ថានការណ៍បាន និងពុំមានប៉ះពាល់ដល់អាយុជីវិតមនុស្ស ឬសត្វនោះឡើយ។

ប្រភពបន្ថែមថា កិច្ចប្រតិបត្តិការនេះដែរ ត្រូវបានដឹកនាំបញ្ជាដោយផ្ទាល់ ពីសំណាក់ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងមានការចូលរួមពីសំណាក់ លោកអភិបាលស្រុកកំពង់សៀម កម្លាំងជំនាញផែនបង្ការ និងពន្លត់អគ្គិភ័យ ដែលដឹកនាំដោយស្នងការរងទទួលផែន, កម្លាំងអន្តរាគមន៍ខេត្ត ដឹកនាំដោយស្នងការរងទទួលបន្ទុក, កម្លាំងប្រចាំបញ្ជាដឹកនាំស្នងការរង ដឹកនាំវេនប្រចាំបញ្ជា កម្លាំងចរាចរណ៍ខេត្ត-ស្រុក និងកម្លាំងអគ្គិភ័យ ដែលអមរថយន្តអគ្គិភ័យ ពីបណ្ដាស្រុកទាំង៧ និងកម្លាំងកងរាជអាវុធហត្ថ, កម្លាំងសឹករងស្រុក កម្លាំងប៉ុស្ដិ កម្លាំងប្រជាការពារសរុបទាំងអស់ ចំនួនប្រមាណ ១៥០នាក់ ដោយប្រើប្រាស់អស់ទឹកចំនួន ៩៩ស៊ឺទែន ស្មើនឹង ៤៩៥ ម៉ែត្រគូប ។

មន្ត្រីដដែលបានបញ្ជាក់ថា ទំហំនៃការខូចខាត ដែលបណ្ដាលមកពីអគ្គិភ័យនេះ មានដូចជា ឡេវ៉ាល់ទ័រ ១គ្រឿង, ឃ្លាំងមានទំហំ៣០X៤០ម៉ែត្រ កម្ពស់ ៦ម៉ែត្រ និងកំទិចសាច់ក្រណាត់ទម្ងន់៤០០តោន គិតជាទឹកប្រាក់ ជាង២០ម៉ឺនដុល្លា និងសម្ភារមួយចំនួនទៀតផងដែរ ។ ចំពោះមូលហេតុដែលនាំអោយកើតអគ្គិភ័យនោះ គឺបណ្ដាលមកពីភ្លើងព្រៃឆេះរាលដាល ៕

Most Popular

Quis autem vel eum iure reprehenderit qui in ea voluptate velit esse quam nihil molestiae consequatur, vel illum qui dolorem?

Temporibus autem quibusdam et aut officiis debitis aut rerum necessitatibus saepe eveniet.

Copyright © 2015 Flex Mag Theme. Theme by MVP Themes, powered by Wordpress.

To Top