ព័ត៌មានថ្មី

ក្រុមអ្នកវិទ្យាសាស្ត្រ ប្រទះឃើញសត្វរំពេទន្លេ ៦៨ក្បាល នៅតាមតំបន់ទន្លេមេគង្គ រវាងខេត្តក្រចេះ និងស្ទឹងត្រែង

ភ្នំពេញ ៖ ក្រុមអ្នកវិទ្យាសាស្ត្រ បានប្រទះឃើញសត្វរំពេ ទន្លេសរុបចំនួន ៦៨ ក្បាល ក្នុងអំឡុងពេលចាប់ផ្តើម សិក្សាចំនួនសត្វបក្សី នៅតាមតំបន់ទន្លេមេគង្គ រវាងខេត្តក្រចេះ ស្ទឹងត្រែង និងព្រំប្រទល់ប្រទេសឡាវ ក្នុងដើមខែកុម្ភៈ ឆ្នាំ២០២១។

យោងតាមបណ្ដាញ សង្គមហ្វេសប៊ុក ក្រសួងបរិស្ថាន នៅថ្ងៃទី១៣ កុម្ភៈនេះ បានឲ្យដឹងថា អ្នកវិទ្យាសាស្ត្រ បានឃើញវត្តមាន របស់សត្វរំពេទន្លេដ៏អស្ចារ្យទាំងនេះ កំពុងប្រើប្រាស់ថ្មប៉ប្រះទឹក ជាទ្រនំ ដើម្បីចាប់ត្រី ខណៈដែលសត្វរំពេខ្លះទៀត កំពុងតែហើរក្រឡឹងចុះឡើង តាមឆ្នេរខ្សាច់ដែលជាទីជម្រក ធម្មជាតិរបស់ពួកវា ដើម្បីបន្តពូជ។ ខណៈពេលនេះ រដូវបន្តពូជរបស់សត្វរំពេទន្លេ បានចាប់ផ្តើមហើយ។

លោក អៀម សំអ៊ន់ អ្នកទទួលបន្ទុកផ្នែកស្រាវជ្រាវ និងតាមដានជីវៈចម្រុះ ប្រចាំតំបន់ទន្លេមេគង្គនៃអង្គការ WWF បានថ្លែងថា “សត្វរំពេទន្លេជាប្រភេទបក្សីមានមាឌមធ្យម មានកន្ទុយចំពាម ក្បាលខ្មៅ ពោះស ហើយភាគច្រើន ត្រូវបានគេប្រទះឃើញ ក្នុងរដូវកាលបន្តពូជរបស់ពួកវា ដែលចាប់ផ្តើមពីខែមករាដល់ខែឧសភា ។”

លោកបានបន្ថែមទៀតថា “ចំនួនសត្វរំពេទន្លេដែលបានប្រទះឃើញ ពេលនេះមានចំនួនច្រើនជាងចំនួន ដែលបានប្រទះឃើញកាលពីឆ្នាំមុន ដែលពេលនោះឃើញសត្វរំពេទន្លេមានតែ ៦៤ក្បាល ប៉ុណ្ណោះ” ។

ចំនួនបក្សីនេះមានកំណើនទ្វេដង ក្នុងរយៈពេលប្រាំឆ្នាំ ដែលកើនពី ៣១ក្បាល ក្នុងឆ្នាំ២០១៦ ដល់ ៦៨ ក្បាល ក្នុងដើមឆ្នាំ២០២១។ សត្វរំពេទន្លេជាប្រភេទបក្សីមួយ ដ៏កម្របំផុតក្នុងចំណោមប្រភេទបក្សី កម្រក្នុងតំបន់អាស៊ីអាគ្នេយ៍។ ក្នុងប្រទេសកម្ពុជា សត្វរំពេ ទន្លេបានធ្លាក់ចុះ ៨០% ក្នុងរយៈពេល ២០ ឆ្នាំកន្លងទៅ ដែលមានចំនួនប៉ាន់ប្រមាណ សរុបទូទាំងប្រទេសចន្លោះពី ៥៤ ដល់ ៦២ ក្បាល ប៉ុណ្ណោះ ក្នុងឆ្នាំ២០១៨។ បក្សីនេះស្ថិតក្នុងបញ្ជីក្រហមនៃប្រភេទសត្វ “ងាយរងគ្រោះ” ៕

Most Popular

Quis autem vel eum iure reprehenderit qui in ea voluptate velit esse quam nihil molestiae consequatur, vel illum qui dolorem?

Temporibus autem quibusdam et aut officiis debitis aut rerum necessitatibus saepe eveniet.

Copyright © 2015 Flex Mag Theme. Theme by MVP Themes, powered by Wordpress.

To Top