ពោធិ៍សាត់៖ ក្មេងស្រីជំទង់ម្នាក់ ទំនងជាអន់ចិត្តនិងម្តាយរបស់ខ្លួន ដែលមិនបានអោយរូបគេ ជិះម៉ូតូមកដើរលេងនៅឯក្រុងពោធិ៍សាត់ ព្រមទាំងមានចិត្តចង់ទៅធ្វើការងារ នៅឯរាជធានីភ្នំពេញ តាមបំណងរបស់ខ្លួនមិនបានតាមបំណង ក៏ស្រាប់តែសម្រេចចិត្តគិតខ្លី ចងកសម្លាប់ខ្លួនឯងតែម្តង។ ហេតុការណ៍ បង្កអោយមានការភ្ញាក់ផ្អើល ដល់អ្នកភូមិនោះ បានកើតឡើង កាលពីវេលាម៉ោង៩៖០០នាទីថ្ងៃទី ៦ ខែ កក្កដា ឆ្នាំ ២០២០ ស្ថិតនៅផ្ទះរបស់ខ្លួន ក្នុងភូមិជ័រម្គាន ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
បើតាមរបាយការណ៍ របស់អធិការដ្ឋាននគរបាលស្រុកក្រគរ បានអោយដឹងថា នារីរងគ្រោះ ដែលបានសម្រេចចិត្តគិតខ្លី ចងកសម្លាប់ខ្លួនឯងនោះ មានឈ្មោះ ហន សារុំ ហៅ ណូ ភេទស្រី អាយុ ១៦ ឆ្នាំ ជនជាតិខ្មែរ រស់នៅជាមួយម្តាយ ក្នុងភូមិកើតហេតុ។
របាយការណ៍ដដែល ក៏បានអោយដឹងទៀតថា មុនកើតហេតុ នារីរងគ្រោះបានសុំម្តាយ ជិះម៉ូតូមកដើរលេង នៅក្រុងពោធិ៍សាត់ និងថែមទាំងសុំម្តាយ ចង់ទៅរកការងារធ្វើ នៅឯរាជធានីភ្នំពេញ ប៉ុន្តែការសុំទាំងនោះ មិនត្រូវបានម្តាយអនុញ្ញាតនោះឡើយ លុះដល់ថ្ងៃកើតហេតុ ខណៈដែលម្តាយរបស់ខ្លួនមិននៅផ្ទះ ក៏ស្រាប់តែនារីរងគ្រោះ សម្រេចចិត្តគិតខ្លី ចងកសម្លាប់ខ្លួន នៅក្នុងផ្ទះរបស់ខ្លួនតែម្តង ហើយបានបន្សល់ទុក កូនសំបុត្រមួយសន្លឹក នៅកន្លែងកើតហេតុផងដែរ។
ក្រោយពិនិត្យកោសល្យវិច័យ ពីសំណាក់សមត្ថកិច្ចជំនាញ សពនារីរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់សពឲ្យទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕


