ព័ត៌មានថ្មី

រាជរដ្ឋាភិបាលកម្ពុជា ត្រៀមកញ្ចប់ ថវិកាពី៨០០-២០០០លានដុល្លារ ទប់ទល់ឥទ្ធិពល ជំងឺកូវីដ១៩ រយៈពេលវែង


ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីកម្ពុជា បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមកញ្ចប់ ថវិកាចំនួន ៨០០-២០០០លានដុល្លារ រួចជាស្រេច បើក្នុងករណីកម្ពុជា ជួបនូវវិបត្តិកូវីដ ១៩ រយៈពេលវែង ។

ក្នុងពិធី ប្រគល់សញ្ញាបត្រ ជូននិស្សិត នៃវិទ្យាស្ថានវ៉ាន់ដា នៅថ្ងៃទី១០ ខែមិនា ឆ្នាំ២០២០ នាមជ្ឈមណ្ឌលកោះពេជ្រ សម្ដេចបានថ្លែងថា ” រាជរដ្ឋាភិបាលបម្រុងទុកថវិកា តាមសេណារីយោ ទី១ឬទី២ ដោយទី១បើសិនជាចេញសេណារីយោ វិបត្តិអូសប្រឡាយរយៈពេល៦ខែ គឺត្រៀមបម្រុង ថវិកាប្រមាណ៨០០លានដុល្លារ ដើម្បីស្រោចស្រង់សេដ្ឋកិច្ច ហើយបើវាទៅដល់១ឆ្នាំ យើងក៏បានប៉ាន់ស្មានថា បើសិនជាវាកើតឡើងដល់១ឆ្នាំ តើកំណើនសេដ្ឋកិច្ច របស់យើង ធ្លាក់នៅប៉ុណ្ណា! ហើយយើងត្រូវប៉ះប៉ូវ ទំហំទឹកប្រាក់ប៉ុណ្ណា! ចឹងវាស្ថិតនៅក្នុងចន្លោះ ពី៨០០លានដុល្លារទៅ ២០០០ពាន់លានដុល្លារ ដែលយើងត្រៀមបម្រុង” ។

ទាក់ទងជាមួយបញ្ហាកូវីដ១៩នេះ សម្ដេចសង្ឃឹមថា ពិភពលោក នឹងខិតខំដោះស្រាយបញ្ហានេះ ឲ្យបានទាន់ពេលវេលា ។
ក្នុងឱកាសនោះដែរ សម្ដេចបញ្ជាក់ថា អ្នកស្លាប់ ដោយជងឺកូវីដ១៩ គិតមកដល់ពេលនេះ មានចំនួន ៤០២៥នាក់ នៅទូទាំងពិភពលោក បើប្រៀបធៀបជាមួយជំងឺផ្ដាសាយធំ ក្នុង១ឆ្នាំមានអ្នកស្លាប់ ជាមធ្យមរហូតដល់ កន្លះលាននាក់ ។

សម្ដេចបន្ថែមថាចំណុចទាំងនេះ ជាចំណុចដែលត្រូវពិចារណារួមគ្នា ហើយរកវិធីដោះស្រាយបញ្ហាទាំងអស់នេះ គ្នាឲ្យបានទាន់ពេលវេលា ដែលបញ្ហាកូវីដនេះ វាជាបញ្ហាប្រឈមជាសកល មិនមែនជាបញ្ហា ដាច់ដោយឡែកនោះទេ ។

សម្ដេចបន្ថែមទៀតថា “កម្ពុជាមានអ្នកកើតជំងឺកូវីដ១៩ តែ១ករណីប៉ុណ្ណោះ រឿងអីត្រូវខ្លាច ប្រទេសរបស់យើងវាធំដែរ វាមិនមែនជាតូចប៉ុន្មានទេ មនុស្ស១៦លាននាក់ ហើយប៉ះពាល់ម្នាក់ វាមិនទាន់ច្រើនពេកទេ បើទោះបីប៉ះពាល់ ២០ទៅ៣០នាក់ ក៏វាមិនច្រើនដែរ ។ ប៉ុន្តែយើងសង្ឃឹមថា វាមិនរីករាលដាល រហូតដល់ រាប់រយនោះទេ” ។
ក្នុងឱកាសនោះសម្ដេចនាយករដ្ឋមន្រ្តី ក៏បានអំពាវនាវដល់ពលរដ្ឋ កុំឲ្យមានការភ័យខ្លាច ជ្រុលខ្លាំងពេក រហូតដល់បាត់បង់ស្មារតីម្ចាស់ការលើខ្លួនឯង ដោយសារ ជឿទៅលើការបំពុលព័ត៌មានមិនពិត ពីសំណាក់ក្រុមជនអគតិមួយចំនួន ។

សម្ដេចលើកទឹកចិត្ត ឲ្យប្រជាពលរដ្ឋ ត្រូវមានសេចក្តីក្លាហាន និងមានការពិចារណា ឲ្យបានល្អិតល្អន់ត្រឹមត្រូវ ក្នុងការដោះស្រាយបញ្ហានានា រួមទាំងបញ្ហាជំងឺឆ្លងកូវីដ-១៩ នេះផងដែរ។
សម្ដេចតេជោ ហ៊ុន សែន បានឯកភាពជាមួយ ការលើកឡើងរបស់ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដែលថា ប្រសិនបើអ្នកទាំងអស់គ្នា ខ្លាចគ្រោះថ្នាក់ចរាចរណ៍ ដូចខ្លាចកូវីដ១៩នោះ មិនដឹងជាមានមនុស្សប៉ុន្មាន ពាន់នាក់ទេ ដែលរួចផុតពីទុក្ខក្រៀមក្រំ ព្រោះខ្មែរយើងមិនភ័យខ្លាច គ្រោះថ្នាក់ចរាចរណ៍ ដូចខ្លាចកូវីដ១៩ឡើយ ។

សម្ដេចតេជោមិនលើកទឹកចិត្ត ឲ្យប្រជាពលរដ្ឋទិញទំនិញ ស្ដុកទុក ក្នុងបរិបទរីករាលដាល នៃមេរោគកូរ៉ូណាឡើយ តែលើកទឹកចិត្តឲ្យ សម្ងំក្នុងផ្ទះបរិភោគ ទំនិញដែលបានទិញ រួចហើយឲ្យអស់កុំចេញក្រៅ ដើម្បីបានកាត់បន្ថយ ការស្ទះចរាចរណ៍ផងដែរ ។

ដើម្បីដោះស្រាយបញ្ហាទាំងនេះ សម្ដេចនាយករដ្ឋមន្រ្តី បានដាក់ចេញផែនការ ឲ្យក្រសួងសុខាភិបាល ពិនិត្យនូវសេណារីយោនីមួយៗ និងលទ្ធភាពនីមួយៗ ឲ្យលេចចេញឡើងជារូបរាង។
ទាក់ទងជាមួយបញ្ហាសេដ្ឋកិច្ចវិញ សម្ដេចថា សេដ្ឋកិច្ច នៅលើកពិភពលោក បានរងផងប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារសង្វាក់ផលិតកម្ម នៅប្រទេសចិន ជាប់គាំងមិនអាចដំណើរការបាន ព្រោះបញ្ហាជំងឺកូវីដ១៩ ។

សម្ដេចបញ្ជាក់ថា “ចិនបានដើរតួរនាទីសំខាន់ណាស់ នៅក្នុងសេដ្ឋកិច្ចពិភពលោក ។ ប្រទេសមួយចំនួនដូចជាយើង ទទួលវត្ថុធាតុដើម៦០ភាគរយ ពីប្រទេសចិន ដើម្បីផលិតចេញ នូវសំលៀកបំពាក់ សម្រាប់ការនាំចេញ មិនថា ប្រទេសកម្ពុជាទេ ប្រទេសច្រើនណាស់ ដែលពឹងពាក់ទៅលើវត្ថុធាតុដើម ចេញពីចិន ក្រៅពីនោះមានរោងចក្រផ្គុំ នៅក្នុងប្រទេសចិន ជាគ្រឿងបន្លាស់រថយន្ត ជាគ្រឿងបង្គុំ ផ្នែករថយន្តរហូតទៅដល់ អាយហ្វូន ស្មាតហ្វូន ក៏មានផលិតនៅក្នុងប្រទេសចិនផងដែរ” ។

សម្ដេចបន្តថា សម្រាប់កម្ពុជា ផលប៉ះពាល់ បានមកដល់នោះ គឺខ្វះវត្ថុធាតុដើម សម្រាប់ផ្គត់ផ្គង់ឲ្យរោងចក្រ ។ តែជាភ័ព្វសំណាងកម្ពុជា បានសហការយ៉ាងជិតស្និទ និងមានទំនាក់ទំនងល្អ ជាមួយភាគីចិន ទើបចិនសម្រេចបញ្ជួននាវា ដឹកវត្ថុធាតុដើមមកផ្គត់ផ្គង់ ឲ្យរោងចក្រនៅកម្ពុជាមុនគេ ខណៈថ្ងៃនេះនាវាមួយចំនួនបាន ដឹកមកដល់កំពង់ផែព្រះសីហនុ ផងដែរ ។

សម្ដេចសង្កត់ធ្ងន់ថា “ដោយសារសំណូមពររបស់កម្ពុជា ដែលបានធ្វើការយ៉ាងជិតស្និទ ជាមួយភាគីចិន ហើយក៏មានការយោគយល់ ពីសំណាក់ភាគីចិន មិត្តចិនបានយកកប៉ាល់ចំនួន ៧គ្រឿង សម្រាប់ការដឹកឲ្យកម្ពុជា ម្សិលមិញចូលមកដល់កំពង់ផែក្រុងព្រះសីហនុ ដោយមានជិត៦០កុងតឺន័រ និងមានកប៉ាល់ចូលចត ជាបន្តបន្ទាប់ ៥គ្រឿងចូលក្នុងខេត្តព្រះសីហនុ និង២គ្រឿងចូល នៅក្រុងហូជីមីញ អ្នកដែលចូលទៅក្នុងហូជីមីញ គឺសម្រាប់ផ្គត់ផ្គង់ឲ្យនៅតំបន់សេដ្ឋពិសេសបាវិត” ។

សម្ដេចស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ច ដែលធ្វើការខាងផ្នែកដឹកជញ្ជូន និងគយ ត្រូវជំរុញសកម្មភាព ដឹកជញ្ជូន វត្ថុធាតុដើម យកទៅដាក់ នៅតាមបណ្ដារោងចក្រ ឲ្យបានឆាប់ បូករួមជា មួយទីក្រុងភ្នំពេញ អភិបាលរាជធានីភ្នំពេញ ត្រូវយកឡានសារ៉ែន មកបើកផ្លូវ ដើម្បី ដឹកវត្ថុធាតុដើមដាក់ ចូលទៅក្នុងរោងចក្រ បន្តឲ្យបានទាន់ពេលវេលាផងដែរ ៕

ដោយ៖ធី លីថូ



Most Popular

Quis autem vel eum iure reprehenderit qui in ea voluptate velit esse quam nihil molestiae consequatur, vel illum qui dolorem?

Temporibus autem quibusdam et aut officiis debitis aut rerum necessitatibus saepe eveniet.

Copyright © 2015 Flex Mag Theme. Theme by MVP Themes, powered by Wordpress.

To Top